នាវាចិន ៣គ្រឿង ចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដើម្បីហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា។
នាវាចិនចំនួន ៣គ្រឿង
បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៩ មករា
នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ រហូតដល់ថ្ងៃទី១២
មករាខាងមុខ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ
បញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការថា ក្នុងចំណោមនាវាទាំង
៣គ្រឿងនោះ មានពីរគ្រឿងជានាវាចម្បាំង
និងមួយគ្រឿងទៀតជានាវាផ្គត់ផ្គង់ ដែលមានកងនាវិកសរុបចំនួន ៦៩៥នាក់
ដឹកនាំដោយលោក ស៊ូ ហៃហួរ (Xu Haihua) ជាមេបញ្ជាការ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP និងត្រូវបានស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ថា
ទស្សនកិច្ចរបស់នាវាចម្បាំងចិនទាំង ៣គ្រឿងនេះ
គឺដើម្បីរឹតចំណងសាមគ្គីភាព
និងបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ
ជាពិសេសកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ លោកបញ្ជាក់ទៀតថា
ក្នុងដំណើរទស្សនកិច្ចនេះ
គណៈប្រតិភូកងទ័ពជើងទឹកចិននឹងជួបពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ
និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបលោក
ហ៊ុន សែន បានបែរខ្នងដាក់បស្ចិមប្រទេសកាន់តែខ្លាំង
នៅលើវិស័យយោធា ក្រោយរបបនេះទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ
និងបច្ចេកទេសជាច្រើនសន្ធឹកសន្ធាប់ពីរបបក្រុងប៉េកាំង។
កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ កន្លងទៅ រដ្ឋមន្ត្រីការពារជាតិចិន លោក
វៃ ហ្វេងហេ (Wei Fenghe) បានប្រកាសផ្ដល់ជំនួយឥតសំណងជាទឹកប្រាក់ប្រមាណ
១០០ លានដុល្លារអាមេរិក សម្រាប់វិស័យយោធាដល់របបក្រុងភ្នំពេញ
ហើយភាគីទាំងពីរបានប្តេជ្ញាថា
នឹងរួមគ្នាធ្វើលំហាត់យោធានាគមាសនៅឆ្នាំ ២០១៩ នេះ
ឱ្យមានលក្ខណៈកាន់តែធំជាងមុនទៀត។
របបក្រុងភ្នំពេញបានលុបចោលសមយុទ្ធយោធា “ឆ្មាំអង្គរ” ជាមួយសហរដ្ឋអាមេរិក និងសមយុទ្ធយោធា ដន គោព្រៃ (Dawn Kouprey) ជាមួយអូស្ត្រាលី
កាលពីឆ្នាំ ២០១៧ កន្លងទៅ
ហើយរបបនេះមិនបានបង្ហាញចេតនាណាមួយក្នុងការបង្កើតឡើងវិញនូវសមយុទ្ធយោធាជាមួយប្រទេសប្រជាធិបតេយ្យទាំងនេះជាថ្មីទៀតឡើយ។
អ្នកវិភាគព្រមានថា
ការលម្អៀងខ្លាំងទៅរកប្រទេសចិននៅលើវិស័យយោធានេះ
នឹងមិនផ្ដល់ផលល្អដល់របបក្រុងភ្នំពេញប៉ុន្មាននោះឡើយ
ជាពិសេសគឺនៅពេលលេចឮដំណឹងថា
របបនេះកំពុងរៀបចំឱ្យមានមូលដ្ឋានទ័ពចិននៅលើទឹកដីកម្ពុជា៕
នាវាចិន ៣គ្រឿង ចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដើម្បីហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា។
Reviewed by TTM-TV
on
12:11 AM
Rating:

No comments: