អឺរ៉ុបល្បងសមត្ថភាពចុះចតយានអវកាសលើភពអង្គារ
លោកអ្នកនាងធ្លាប់ឮនិងស្គាល់យានអវកាសRosetta ក្នុងបេសកកម្ម Mars Express នៅលើកនេះ អឺរ៉ុបមានបេសកកម្មថ្មីមួយទៀតសហការជាមួយរុស្ស៊ី ឈ្មោះថា Exomars បង្ហោះយានពីរទៅភពអង្គារ។ ក្រោយពីបានធ្វើដំណើរអស់រយៈពេល៧ខែ យានទាំងពីរត្រូវផ្តាច់ខ្លួនពីគ្នា នៅថ្ងៃទី ១៦ តុលានេះ Schiaparelli ត្រូវចុះចតនៅលើដីភពអង្គារ ឯចំណែកTGO បន្តហោះក្នុងគន្លងតារាវិថីភពពអង្គារ។ នេះជាលំហាត់ដ៏លំបាកមួយដែលអឺរ៉ុបចង់ជម្នះឱ្យបានសម្រេច។
រហូតមកទល់នឹងពេលនេះមានតែអាមេរិកទេ ដែលអាចបញ្ជូនយានទៅចុះចត និងដាក់ដំណើរការបាននៅលើភពអង្គារ។ អឺរ៉ុបធ្លាប់បានបង្ហោះយានអវកាសមួយដែរកាលពី១៣ឆ្នាំ ទៅភពអង្គារ ប៉ុន្តែយាននោះគ្មានផ្តល់សញ្ញាអ្វីទេ គេត្រូវរង់ចាំដល់ឆ្នាំ២០១៥ទើបយានអវកាសអាមេរិកបានបញ្ជូនរូបភាពមក បញ្ជាក់ថាយានMars Express អឺរ៉ុប បានទៅចុះចតលើភពអង្គារ តែមិនដើរនិងមិនមកពីមូលហេតុអី។
ថ្ងៃនេះអឺរ៉ុបកំពុងផ្តោតក្តីសង្ឃឹមលើExoMars ដែលបង្ហោះចេញពីភពផែនដីនៅថ្ងៃទី ១៦ មីនា ២០១៦។ បន្ទាប់ពីធ្វើដំណើរអស់ចម្ងាយជិត៥០០លានគីឡូម៉ែត្រ នៅថ្ងៃនេះយានរ៉ូបូSchiaparelli បានបំបែកខ្លួនពីយានTGO ដើម្បីចុះចតលើដីភពអង្គារ ដែលអឺរ៉ុបចង់សម្រេចឱ្យបានជាដាច់ខាតនៅលើកនេះ។ ដំណើរចុះចតមានរយៈពេលបីថ្ងៃ និងជាវិញ្ញាសាដ៏លំបាក។ មានទម្ងន់ដល់ទៅជិត ៥៧៧គីឡូក្រាម មានរាងដូចទូពីល្បែងក្មេងលេង រុំដោយអាលុយមីញ៉ូមមានរន្ធដូចសំបុកឃ្មុំដើម្បីការពារការប៉ះទង្គិច យានរ៉ូបូ Schiaparelli ហោះចុះក្នុងល្បឿន២១០០០គ.ម.ក្នុងម៉ោង លំហមេឃភពអង្គារ។ នៅពេលធ្លាក់កាន់តែទាបជិតដល់ដីភពអង្គារ ឆ័ត្រយោងក៏គ្រលាស់ឡើងនិងមូទ័រឆេះឡើង ធ្វើជាហ្វ្រាំងទប់ល្បឿនឱ្យយានចុះចតលើដីដោយសម្រួល។ ការចុះចតបានជោគជ័យគឺជាដំណាក់កាលដ៏សំខាន់នៃបេសកកម្មExoMars ដែលមានមហិច្ឆតាស្វែងរកសញ្ញាឬដាននៃជីវិតនាពេលបច្ចុប្បន្ននិងអតីតកាលលើភពអង្គារ។
មួយម៉ោងក្រោយបើតាមគម្រោង Schiaparelli នឹងត្រូវផ្តើមធ្វើការងាររបស់ខ្លួនភ្លាម ដូចជាវាស់វែងសម្ព័ន្ធ សីតុណ្ហភាព ល្បឿនខ្យល់ ដែនអគ្គិសនី នៃផ្ទៃភព។ យាននេះអាចមានជីវិតពីរទៅ ៨ថ្ងៃប៉ុណ្ណោះ ព្រោះយាននេះប្រើថ្មដែលមិនអាចសាកបញ្ចូលភ្លើងបាន។
បេសកកម្មបន្ទាប់ ជាភារៈរបស់យានTGO។ នៅដើមឆ្នាំ២០១៨ TGOមានបន្ទុកហិតបរិយាកាសក្រែងចាប់បានវត្តមានឧស្ម័នមេតាន បញ្ជាក់ថាមានទម្រង់មួយនៃជីវិតលើភពអង្គារ។ នៅឆ្នាំ២០២០ អឺរ៉ុបនិងរុស្ស៊ី មានគម្រោងបញ្ជូនយានធំ មានបច្ចេកវិទ្យាទំនើបជាង Schiaparelli ទៀត ទៅខួងដីដើម្បីសាកល្បងស្វែងរកដាននៃជីវិតបាក់តេរីពីមុនៗ៕
អឺរ៉ុបល្បងសមត្ថភាពចុះចតយានអវកាសលើភពអង្គារ
Reviewed by TTM-TV
on
6:38 PM
Rating:

No comments: