គោព្រៃកម្ពុជាត្រៀមជើងធ្វើស៊ីក្រុមឱម៉ាល់ព្រុយណេនៅល្ងាចនេះ
ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ ម៉ោង ០៩:០០ (18-10-2016 09:00)
រាជធានីភ្នំពេញ ៖ ក្រុមគោព្រៃកម្ពុជា និងក្រុមឪម៉ាល់ព្រុយណេដែលរកបាន៣ពិន្ទុដូចគ្នានៅថ្ងៃបើកឆាកវគ្គជម្រុះAFF Suzuki Cup 2016 កាលពីថ្ងៃទី១៥ តុលា កន្លងមកនេះ នឹងត្រូវជួបគ្នានៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៨ តុលា នេះហើយ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឱ្យដឹងកាលពីព្រឹកថ្ងៃទី១៧ តុលា ថា គិតមកដល់ពេលនេះសំបុត្រចូលទស្សនាការប្រកួតរវាងក្រុមកម្ពុជា និងក្រុមព្រុយណេបានលក់អស់ហើយសម្រាប់កន្លែងមានដំបូលតម្លៃ១០.០០០រៀលនៅសល់តែកន្លែងគ្មានដំបូលតម្លៃ៥.០០០រៀលប៉ុណ្ណោះ។
មុនពេលជួបគ្នានៅថ្ងៃនេះ ក្រុមកម្ពុជាបានយកឈ្នះក្រុមឡាវ២-១ ចំណែកក្រុមព្រុយណេ ក៏បានយកឈ្នះក្រុមទីម័រខាងកើត២-១ដូចគ្នាដែរ ។ តាមរយៈជ័យជម្នះនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផងដែរ ។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា នឹងផ្តល់ថវិកាលើកទឹកចិត្តចំនួន៥ម៉ឺនដុល្លារក្នុងករណីដែលក្រុមគោព្រៃកម្ពុជាបន្តយកឈ្នះ២ប្រកួតបន្ថែមទៀត ពេលជួបក្រុមព្រុយណេ និងក្រុមទីម័រខាងកើត ។
សូមបញ្ជាក់ថា ក្នុងវគ្គជម្រុះបឋមឈានទៅដណ្តើមពានរង្វាន់AFF SuzukiCup2016ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១តុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះមានក្រុម ជម្រើស ជាតិ៤ចូលរួមប្រកួត គឺកម្ពុជា (ម្ចាស់ផ្ទះ) ទីម័រខាងកើត ព្រុយណេ និងឡាវ ។ ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេនឹងបានឡើងទៅលេងជាមួយក្រុមជម្រើសជាតិ៧ផ្សេងទៀតក្នុងតំបន់អាស៊ានដែលកំពុងរង់ចាំនៅវគ្គចែកពូល ។ ក្នុងចំណោមក្រុមទាំង៤ ក្រុមកម្ពុជាហាក់មានសង្ឃឹមច្រើនជាងគេបន្ទាប់ពីបានផ្ដួលក្រុមឡាវដែលជាក្រុមខ្លាំងក្នុងចំណោម២ក្រុមទៀត ។ យោងតាមប្រវត្តិជួបគ្នាចំនួន៥ប្រកួតរវាងក្រុមទាំង២បង្ហាញឱ្យឃើញថា ក្រុមកម្ពុជាឈ្នះ៣ ចាញ់១ និងស្មើ១ ៕
គោព្រៃកម្ពុជាត្រៀមជើងធ្វើស៊ីក្រុមឱម៉ាល់ព្រុយណេនៅល្ងាចនេះ
Reviewed by TTM-TV
on
12:08 PM
Rating:
Reviewed by TTM-TV
on
12:08 PM
Rating:



No comments: